ការប្រែប្រួលអាកាសធាតុបានធ្វើឲ្យអ្នកវិទ្យាសាស្ត្រ
និងកសិករ នាំគ្នារុករកវិធីប្លែកៗ ក្នុងការដាំដុះដំណាំស្រូវឲ្យស្របទៅតាមអាកាសធាតុដែលផ្លាស់ប្ដូរ (ម្ដងរាំងស្ងួត អូសបន្លាយយូរថ្ងៃ
ម្ដងជំនន់ខុសប្រក្រតី)។ បច្ចេកទេសថ្មីនោះ គឺមិនបាច់សាប ព្រោះ ដក ស្ទូង តែយកគ្រាប់ស្រូវស្ងួតទៅដាំផ្ទាល់ដី
តែដំណាំស្រូវនៅតែដុះលូតលាស់ ផ្លែកាន់ច្រើន នាំឲ្យផលបានច្រើន ហើយស្រូវមិនខូចទាំងស្រុងទៅតាមការប្រែប្រួលអាកាសធាតុនោះទេ។
ការវិវឌ្ឍន៍ដាំស្រូវដោយបច្ចេកទេសខុសគ្នាតាមតំបន់ត្រូវបានកសិករនៅខេត្តសៀមរាប
អនុវត្តបានជោគជ័យ ។ លោកស្រី ជ្រើន ម៉ៅ កសិករនៅភូមិបេង ឃុំដូនពែង
ស្រុកអង្គរជុំ ខេត្តសៀមរាប អះអាងថា បច្ចេកទេសដាំស្រូវថ្មីតាមការបង្រៀនដោយក្រុមហ៊ុនលក់ជីធម្មជាតិ
ជប៉ុន សញ្ញាផែនដីកាលពីឆ្នាំ២០១៣ គេប្រាប់ឲ្យគាត់យកគ្រាប់ពូជស្រូវសុទ្ធ
យកទៅកប់ដាំក្នុងស្រែវស្សា។ ៤ខែក្រោយពីគាត់កប់គ្រាប់ស្រូវស្ងួត ២៥គីឡូក្រាមទៅក្នុងដី
គាត់ទទួលបានទិន្នផលស្រូវជិត ៤តោន ក្នុងដី ១ហិកតារ។
លោកស្រីថា
បច្ចេកទេសថ្មីដាំគ្រាប់ស្រូវស្ងួតនោះ គាត់មិននឿយថែទាំស្រូវ
ហើយគាត់ចំណាយតែលើថ្លៃទិញគ្រាប់ពូជ ជួលគេភ្ជួរដី ៣សា
ទិញជីធម្មជាតិជប៉ុន សញ្ញាផែនដីអស់ ២០០គីឡូក្រាមជីអ៊ុយរ៉េ ៥០គីឡូក្រាម និងថ្នាំបាញ់ស្មៅសរុបអស់ប្រាក់ប្រមាណ
១លានរៀល។ ក្នុងនោះគាត់ចំណេញថ្លៃជួលមនុស្សដក និងស្ទូង ហើយក្រុមហ៊ុនចូលទិញស្រូវគាត់ឲ្យតម្លៃ
១គីឡូក្រាម ១.៥០០រៀល។ លោកស្រីអះអាងថា
គាត់ចំណេញច្រើនពីការដាំគ្រាប់ស្រូវស្ងួតនេះ៖ «ទាំង ជីទាំងពូជ
ទាំងជួលឲ្យគេធ្វើដីផង ៣ដង អស់ប្រហែល ១លានប៉ុណ្ណឹងទេ
ទាំងទិញថ្នាំកម្ចាត់ស្មៅ។ ខ្ញុំថ្លឹងលក់ ជិតអស់ហើយ ទុកតែ
១០ការុងសម្រាប់ហូប» ។ បច្ចេកទេសដាំគ្រាប់ស្រូវស្ងួតនេះ ត្រូវបានលោក ចាន់
វណ្ណៈ នាយកគ្រប់គ្រងក្រុមហ៊ុនបាយ័ន ហ៊ឺរីថេក ហូលឌីង គ្រូប (Bayon Heritage Holding Group) ដែលនាំចូលចែកចាយលក់ជីធម្មជាតិជប៉ុន សញ្ញាផែនដីពន្យល់ថា
អាកាសធាតុរាំងស្ងួតអូសបន្លាយ និងទឹកជំនន់ដក់ទឹកយូរថ្ងៃ នាំឲ្យសំណាប
និងដើមស្រូវរលួយងាប់ ដូចនេះអ្នកបច្ចេកទេសដាំដុះ និងប្រើប្រាស់ជីធម្មជាតិជប៉ុន
សញ្ញាផែនដីណែនាំឲ្យកសិករយកគ្រាប់ពូជស្រូវស្ងួតទៅកប់ដាំវិញ ។ លោក ចាន់ វណ្ណៈ អះអាងថា ការយកគ្រាប់ពូជស្ងួតទៅកប់ដាំក្នុងស្រែ
គឺស្រូវធន់នឹងភាពរាំងស្ងួត និងទឹកជំនន់បានយូរថ្ងៃ។ បច្ចេកទេសដាំស្រូវស្ងួត
ជាវិធីធ្វើស្រែបែបថ្មីនោះ ត្រូវចាប់ផ្ដើមដាំដុះនៅក្នុងខែមីនា
ទើបល្អ៖ «គឺយើងដាំតែម្ដង ការដាំនេះគឺយើងកាត់បន្ថយការសាប
ហើយការដែលដកយកទៅស្ទូង ក៏លែងធ្វើទៀតដែរ។ ចំណុចសង្ខេបមកវិញ
គឺថាវាចំណេញៗ ជាពិសេសគឺថវិការបស់កសិករផ្ទាល់ខ្លួនដែលត្រូវធ្វើ
ហើយទី២ វាធន់ទ្រាំនឹងការរាំងស្ងួត និងទឹកជំនន់ហ្នឹង ដែលវាខ្លាំង វាល្អមែនទែន
ហើយសមស្របមែនទែន សម្រាប់ជីធម្មជាតិជប៉ុនហ្នឹង ដោយសារតែពេលយើងបាច
វាយូរទៅវានៅក្នុងដី កាន់តែយូរវាកាន់តែល្អ ហើយចុងក្រោយ
យើងបានទិន្នផលមួយខ្ពស់ជាងការដាំតាមរបៀបបុរាណ ដូចការស្ទូង
ការដកសំណាបអីហ្នឹងដែលទទួលផល ២តោន ២,៥តោនអីទេ។ ប៉ុន្តែបច្ចេកទេសនេះ
យើងបានផល ៤តោនជាមធ្យម»។
បច្ចេកទេសដាំគ្រាប់ស្រូវស្ងួត
មុនដំបូងត្រូវភ្ជួរដីនៅក្នុងខែកុម្ភៈ
ហាលដីឲ្យបាន ២០ថ្ងៃ ទៅ ១ខែ។ បំបែកដីឲ្យម៉ត់
ហើយពង្រាបដីស្រែឲ្យរាបស្មើ ទើបយកជីធម្មជាតិជប៉ុន សញ្ញាផែនដីចំនួន
២បាវទៅ ៤បាវ បាចក្នុងដី ១ហិកតារ។ បន្ទាប់មករាស់ដីឲ្យជីចូលសព្វទៅក្នុងដីស្រែទើបយកខ្សែចងក្រឡា
ចតុរង្គ កំណត់ ៣តឹកបួនជ្រុង។ កប់គ្រាប់ពូជដែលទុកសម្រិតសម្រាំងខ្លួនឯងក៏បាន
ឬពូជពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មកម្ពុជា (CARDI) ក៏បាន គឺយកគ្រាប់ពូជនោះទៅកប់បន្ថើរតាមចំណុចខ្វែងនៃខ្សែដែលចងជា
ក្រឡាចតុរង្គ។ កប់គ្រាប់ពូជស្រូវស្ងួត ២ ទៅ ៣គ្រាប់ បន្ថើរក្នុងដីស្រែ
ហើយលុបដីពីលើស្តើងៗ។
លោកថា
បច្ចេកទេសថ្មីនេះប្រើគ្រាប់ស្រូវពូជចន្លោះពី ១៥ ទៅ ២០គីឡូក្រាម ក្នុងដី
១ហិកតារ៖ «ការ ប្រើប្រាស់ពូជហ្នឹង គឺយើងគិតយកពូជល្អ គឺមានដំណុះខ្ពស់ ជាពូជកញ្ចប់
ឬពូជដែលគាត់បានថែរក្សាត្រឹមត្រូវ។ ឧទាហរណ៍ពូជខារឌី ក៏ដោយ ពូជគ្រឹះ
ដែលគាត់ប្រើចន្លោះហ្នឹងទេ ហើយបើគាត់ចេះសន្សំសំចៃ
គាត់អាចកាត់បន្ថយបានតិចជាងហ្នឹងទៀត»។
លោកស្រី ជ្រើន ម៉ៅ
កសិករជោគជ័យក្នុងការដាំស្រូវគ្រាប់ស្ងួត នៅខេត្តសៀមរាប ឲ្យដឹងថា
បច្ចេកទេសដាំគ្រាប់ស្រូវស្ងួតនេះ បានជួយឲ្យកសិករមិនរវល់នឹងការថែទាំស្រូវ
ដូចការធ្វើស្រែបែបបុរាណដែលមានសាប ព្រោះ ដកស្ទូង នោះទេ។ គាត់មានពេលដើររកស៊ីផ្សេងទៀតបាន
គ្រាន់តែប្រើថ្នាំបាញ់សម្លាប់ស្មៅ និងមើលសត្វកណ្ដុរកុំឲ្យស៊ីគ្រាប់និងដើមស្រូវ៖
«ដាំទៅវាមិន សូវពិបាកថែទាំប៉ុន្មានទេ ដូចថាដល់កាលអាយុស្រូវទៅយើងមើលថែវាម្ដង។
ដូចថា យើងដាំបានកន្លះខែ យើងទៅមើល ក្រែងកណ្ដុរអីវាកាយ។ ដល់ពេល ២០ថ្ងៃ បានស្រូវវាដុះបានជាង
១ចំអាមទៅ យើងបាញ់ថ្នាំសម្លាប់ស្មៅកុំឲ្យស្មៅវាជាន់ស្រូវ។ ដល់រយៈពេលមួយខែទៅខ្ញុំបាចជីបំប៉ន
ជាជីអ៊ុយរ៉េគ្រាប់ស ដូចថាមានទឹកទើបបាចបំប៉នបាន។ ពេលទ្រាប់បាត ខ្ញុំប្រើជីធម្មជាតិជប៉ុន
សញ្ញាផែនដី។ ក្នុង១ហិកតារខ្ញុំបាចជីទ្រាប់បាត ៤ការុង បាចមុនខ្ញុំភ្ជួរ
ដូចថាខ្ញុំធ្វើដី ចោលម្ដងពីរដង រួចបានខ្ញុំបាច បាចរួចបានខ្ញុំភ្ជួរដាំពីលើ»។
លោកស្រី ជ្រើន ម៉ៅ
ឲ្យដឹងថា គាត់ដាំស្រូវផ្ការំដួលជាពូជដែលមន្ទីរកសិកម្មខេត្តចែកឲ្យប្រើ។
គាត់យកគ្រាប់ពូជស្ងួតទៅដាំនៅខែមិថុនា ព្រោះដីស្រែគាត់ជាដីទួលមិនមែនដីស្រែជម្រៅ
ដែលត្រូវដាំស្រូវមុនទឹកភ្លៀងកក់ខែបាន។ គាត់រង់ចាំដល់ភ្លៀងកក់ខែ ២ ទៅ
៣ដង បានគាត់យកគ្រាប់ពូជស្ងួតទៅហាលថ្ងៃ ២ម៉ោង ដើម្បីដាស់ដំណេកស្រូវ ហើយសារទុក
រួចយកទៅកប់ដាំ។ ប៉ុន្តែមុនកប់ដាំគ្រាប់ពូជស្ងួតនោះ គាត់ភ្ជួរដី
ហើយហាលដីទុកចោលចាប់ពីក្រោយចូលឆ្នាំខ្មែរមក។ នៅពេលមេឃធ្លាក់ភ្លៀង ២
ទៅ ៣ដង ដីស្រែរៀងទន់បន្តិច គាត់ចាប់ផ្ដើមដាំគ្រាប់ស្ងួតយកតែ ម្ដង។
នៅចុងខែតុលា និងដើមខែវិច្ឆិកា ស្រូវចាប់ផ្ដើមទុំគាត់ប្រមូលផលទុកដោយច្រូតស្រូវដែលមិនទុកពូជ
មុន ហើយទុកស្រូវដែលបម្រុងទុកពូជឲ្យវាទុំល្អ ទើបច្រូតក្រោយគេ។ បន្ទាប់ពីច្រូតរួចគាត់យកស្រូវបម្រុងធ្វើពូជទៅបែនដោយជើង
ហើយហាលថ្ងៃរយៈពេល ២ម៉ោង រួចច្រកក្នុងស្បៃ ទើបយកទុកនៅក្នុងជង្រុក
និងការពារកុំឲ្យកណ្ដុរស៊ី៕
0 comments:
Post a Comment